ពេលវេលាវិលទៅមុខ មនុស្សឆ្លងពីមួយជំនាន់ទៅមួយជំនាន់ អ្នកប្រវត្តិសាស្ត្រ បានកត់ត្រាពី សម័យកាលទូទៅ និងពី របបនយោបាយ ដែលផ្លាស់ប្តូរ។ ជាទូទៅគេតែងតែនិយាយថា ប្រវត្តិសាស្ត្រ សរសេរឡើង ដោយអ្នកឈ្នះ។ តែប្រវត្តិសាស្ត្រ ដែលគ្មានលំអៀងនិង លំអិតពីជីវភាព រស់នៅរបស់ប្រជាជន គឺស្ថិតនៅលើប្រជាជន ដែលធ្លាប់ រស់នៅ ឆ្លងកាត់សម័យកាលនោះ។ ស្វាមីខ្ញុំលើកទឹកចិត្តខ្ញុំ អោយសំភាស និងសរសេរអំពីជីវភាពរស់នៅរបស់មនុស្ស ចាស់ៗ ក្នុងក្រុមគ្រួសារ កត់ត្រាទុកនូវអតីតកាល និង សង្គមដែលពួកគាត់ឆ្លងកាត់ សំរាប់ជាឯកសារ ដល់ មនុស្ស ជំនាន់ក្រោយ ក្នុងគ្រួសារបានដឹង។
កាលពីពេលថ្មីៗនេះខ្ញុំបានសំភាសសាកសួរ យាយខ្ញុំដែលគាត់បច្ចុប្បន្នមានអាយុច្រើនហើយ អំពីជីវភាព និង ការ រស់នៅ នៅកាលពីសម័យកាល គាត់នៅក្មេង។ គាត់ឈ្មោះ ហយ លេន កើតនៅឆ្នាំ 1921 គិតមកដល់ សព្វថ្ងៃ គាត់មានអាយុ ៩១ ឆ្នាំហើយ។ គាត់ជាកូនកាត់ចិន កើតនិងធំដឹងក្តីនៅក្នុង សម័យអាណានិគមបារាំង។ គាត់ កើតនៅ ស្រុកពាមប្រស្នា ខេត្តកំពង់ចាម ដែលមានឪពុកម្តាយ ជាកសិករ និង ជាឈ្មួញ។ គាត់រៀបការ នៅអាយុ ១៨ឆ្នាំ ហើយផ្លាស់ទីលំនៅទៅតាម ស្វាមីគាត់ ទៅកាន់ស្រុកកងមាស ខេត្តកំពង់ចាម។
ខ្ញុំហៅយាយខ្ញុំថា ម៉ា ដែលមានន័យថាយាយ ជាទូទៅគេហៅបែបនេះ សំរាប់គ្រួសារកាត់ចិន។
ចាន់ណេ៖ តើជីវភាពរស់នៅក្នុងសម័យអាណានិគមបារាំងយ៉ាងមេ៉ចដែរ?
ម៉ា៖ ម៉ាចាំបានថា ប្រជាជនត្រូវបង់ពន្ធដីកសិកម្មទៅតាមទំហំដី ដូចជាដីិក្រុមគ្រួសារយើងគឺ 20m X 1000m ត្រូវបង់ពន្ធ ១០ រៀល។ ហើយមនុស្សប្រុសពេញវ័យត្រូវបង់ពន្ធអត្តសញ្ញាណប័ណ្ណ មួយឆ្នាំម្នាក់ ១២ រៀល។ គ្រួសារ យើងគ្មានបញ្ហារឿងប្រាក់បង់ពន្ធកាតនេះទេ តែអ្នកខ្លះដែលរកប្រាក់បង់ពន្ធមិនបាន ត្រូវរត់គេចខ្លួនពេល បារាំង ឆែករក។
នៅសម័យនោះសាលារៀនគឺនៅវត្តដែលសិស្សស្រីក៏អាចចូលរៀនបានដែរ តែមិនអាចស្នាក់នៅវត្តបាន ដូចសិស្ស ប្រុសទេ។ អ្នកខ្លះដែលមានផ្ទះធំៗ ក៏យកផ្ទះគេធ្វើជាសាលារៀនដែរ សិស្សគឺមានដូចជាអ្នកផ្ទះជិតខាង ហើយគ្រូគេ យកអ្នកណាម្នាក់ នៅក្នុងភូមិដែលរៀនចេះដឹង។ យាយចូលរៀននៅអាយុ ៦ ឆ្នាំ ពេលថ្ងៃរៀន ពេលយប់ ជួយធ្វើ ការងារក្រុមគ្រួសារ រៀនបាន ២ ឆ្នាំមិនទាន់ចេះអានអក្សរស្រួលបួលផងក៏ឈប់រៀនទៅ ដើម្បីទៅជួយ ធ្វើការងារ ឪពុកម្តាយ នៅឯចំការ ព្រោះចំការធំ មានការងារច្រើន។ ស្រីៗត្រូវជួយធ្វើការងារក្រុមគ្រួសារ និង ផ្គត់ផ្គង់អោយ បងប្អូនប្រុសៗបានទៅរៀន នេះជាការធម្មតាទេ។ បងស្រីម៉ា រៀនចេះអានអក្សរដោយគាត់មិនទៅជួយ ធ្វើការនៅ ចំការទេ គាត់នៅផ្ទះដើម្បីថែរក្សាជីដូនចាស់ ដូច្នេះគាត់អាចឆ្លៀតទៅរៀនអក្សរ ជាមួយគេឯងនៅផ្ទះ អ្នកជិតខាង បាន។
ចាន់ណេ៖ តើម៉ា មានចូលម្លប់ទេ?
ម៉ា៖ មានតែគ្រួសារអ្នកមានទេដែលគេធ្វើពិធីចូលម្លប់។ ម៉ាគ្មានចូលម្លប់ទេ រវល់តែធ្វើការងារ ចំការរាល់តែថ្ងៃ យ៉ាងនេះ។ (ចាន់ណេ: ខ្ញុំគិតថាមូលហេតុចំបងនោះ ព្រោះគ្រួសារនេះជាគ្រួសារកាត់ចិន ម្លោះហើយទុកការ រកសីុជាការសំខាន់ជាង)
ចាន់ណេ៖ តើនារីក្មេងៗសម័យមា៉នៅជំទង់នោះគេតែងខ្លួនបែបណា? មានក្រេមម្សៅលាបដែលអត់ ?
ម៉ា៖ គេមាន ! ម្សៅលាបមុខ គឺជាគ្រាប់ម្សៅ ដែលមួយគ្រាប់ៗទំហំប៉ុនគ្រាប់ម្រេច។ គេយកម្សៅមួយគ្រាប់ មកញីអោយខ្ទេចហើយលាបពេញមុខ។ ម៉ាលាបតែពេលយប់ទេ ពេលថ្ងៃទៅធ្វើការអត់មានលាបលន អីទេ។ កាលនោះនៅអត់ទាន់មាន ក្រេមលាបមាត់ទេ គេយកលក្ស័សំរាប់ធ្វើធូប ទៅលាបមាត់ ពិសេសពេលមាន រៀបការ គឺគេតែងបែបនោះ។ ស្រីៗច្រើនទុកសក់វែងហើយ បូង ម៉ាក៏មានសក់វែងដែរ ហើយបួង។ អត់មានសាប៊ូកក់ សក់ទេ គេកក់សក់ជាមួយនិងទឹកក្បុង។
ចាន់ណេ៖ ម៉ាមានរៀនច្បាស់ស្រីទេ ?
ម៉ា៖ មាន ! ច្បាប់ស្រី ច្បាប់ប្រុស … (គាត់ចាប់ផ្តើមសូត្រកំណាព្យច្បាប់ស្រី … ស្តាប់អត់សូវបាន ព្រោះគាត់ សំលេងមនុស្សចាស់)
No comments:
Post a Comment