Monday, October 15, 2012

ជីវិតរស់នៅរបស់ប្រជាជនឆ្លងកាត់ជំនាន់ឥស្សរ:

(ខាងក្រោមនេះជាការរៀបរាប់ពីជីវិតពិតដែលស្ត្រីចំណាស់ម្នាក់បានឆ្លងកាត់)
ខ្ញុំមិនចាំប្រាកដថាខ្ញុំអាយុប៉ុន្មានទេកាលជំនាន់ឥស្សរ:នោះ ចាំបានថាខ្ញុំនៅតូច នៅអោបកយាយនៅឡើយ  ខ្ញុំរស់ នៅស្រុកម៉ែខាងខ្ញុំ ខាង ឃុំតាភេន ស្រុក ត្រាំកក់ ខេត្តតាកែវ។ សម័យនោះ លំបាកណាស់ ដោយយើងរស់នៅ ចន្លោះពួក បារាំងនិង ពួកឥស្សរ:។ ពេលបារាំងចុះទៅ ហើយឥស្សរ:ចូលមក ថាយើងត្រូវជាមួយបារាំង ត្រូវជាមួយយួន ហើយធ្វើបាបយើង។ ហើយនៅពេលបារាំង ឡើងមក បារាំងចោទថា យើងត្រូវគ្នាជាមួយ ឥស្សរ:។  ខ្ញុំចាំបានថាខ្ញុំខ្លាច រត់ចូលក្រោមគ្រែ យកសំបកដូងទុំ ដែលចាស់ៗសក ហើយទុកជាគំនរនោះ មកគ្រប ពេលពួកវាទៅកកាយ រកឃើញ ខ្ញុំស្រែកយំង៉ាង។ លំបាកណាស់ជំនាន់ឥស្សរ: ពួកវារៀបនឹងអារក ម៉ែខ្ញុំ ដើម្បីសួររកឪខ្ញុំ។ ខ្ញុំយំអោបកម៉ែខ្ញុំ អង្វរ កុំសំលាប់ម៉ែខ្ញុំ ៗ ។

ពេលនោះប្រទេសយើងមិនទាន់ បានឯករាជ្យពីបារាំង នៅឡើយទេ។ កាលនោះមានសឺុង ងុកថាញ់ មាន ខៀវ មាន ក្រហម អី ...។ ខ្ញុំធ្លាប់តាមឪពុកខ្ញុំ ទៅនៅព្រៃជាមួយឪពុកខ្ញុំ  ឪពុកខ្ញុំគាត់ជាអស្សរ:  រត់ទៅនៅភ្នំ ដំរីរមៀល កាលនោះខ្ញុំអាយុប្រហែល ១២ ទៅ ១៣ឆ្នាំ។  ខ្ញុំនៅព្រៃនោះប្រហែលពី បីឆ្នាំដែរ ខ្ញុំមិនដឹងគេធ្វើអីគេទេ តែគេមាន តុកៅអីសរសេរ ត្រឹមត្រូវ មានប្រហែល ជា ១០ ទៅ ២០ អ្នកអីចេញចូលៗ ។ ពេលឃើញមានបារាំងចុះមកអីចឹង ខ្ញុំទៅ ប្រាប់គេ ខាងនោះអោយ គេចខ្លួន ឪប្រើខ្ញុំយកសំបុត្ រទៅអោយគេនៅភូមិ ជិតៗ ហើយគេ ក៏យកបន្តទៅទៀតទៅ ខ្ញុំឥតដឹងថាសំបុត្រនោះអំពីអ្វីទេ។ ម្ហូបអាហារ នៅក្នុងព្រៃនោះ មិនខ្វះទេ តាមដឹងគេដឹកពីភ្នំពេញមក។

ពេលត្រូវត្រលប់ មកផ្ទះដើម្បីមើលម៉ែម្តងៗ យើងមកពេលយប់ ពេលថ្ងៃគងភ្នំទើបបររទេះចេញដំណើរពីព្រៃ។ ខ្ញុំពាក់អាវខ្មៅ ខោខ្មៅដៃវែង ឪទិញខោអាវនេះពាក់ តែគាត់វិញពាក់តែខោអាវខ្លីវែងអី សុទ្ធតែពណ៌គគីទេ និង ពាក់មួកកណ្តិប។ ពេលឪពុកខ្ញុំចូលសារភាព គេដាក់គុកគាត់បីខែ។

ឪពុកខ្ញុំត្រូវខ្មែរក្រហមសំលាប់នៅឆ្នាំ ១៩៧២ នៅជិតអង់តាសោម។ កាលនោះគាត់ជិះកង់ មកភូមិទៅផ្ទះខ្ញុំ នៅឯលិច ដើម្បីយក ប្រហុកមកផ្ញើរ ប្រពន្ធកូន ព្រោះបារម្ភកូន នៅទីនោះអត់មានអីហូប ព្រោះគេទំលាក់គ្រាប់បែក លែងចេញ ចូលបានហើយ។ ប្រហុកកាលនោះ មួយគីឡូ តែដប់រៀលលុយខ្មែរទេ។ គាត់ជិះកង់ទៅក្លេវៗ ដល់ថ្ងៃល្ងាចទើប ទៅដល់។ នៅកន្លែងខាងផ្ទះខ្ញុំនឹង ពួកខ្មែរក្រហម យួនអី គេដាក់ទ័ពនៅនឹង។

ខ្ញុំចិញ្ចឹមជ្រូកធំហើយកាប់ចែកគ្នាសីុ មានលក់ឯណា! ដល់ត្រូវគាត់ទៅអញ្ចឹង ខ្ញុំប្រាប់ប្រធានភូមិ អោយកាប់ចែកគ្នា ហើយយើង អ្នកចិញ្ចឹម យកមួយភ្លៅ ទុកហូបខ្លះ ហើយអោយមកឪខ្លះ។ ខែនោះគឺខែស្ទូង ខ្ញុំ តាមមើលហើយ តាមមើលទៀត តាមមើលឪពុករហូត តាមថ្នល់ រហូតផុត រោងគេយាម ឃើញជិះកង់ ទៅវិញផុត អរអើយអរ។ គ្រាន់តែ ថ្ងៃរសៀលម៉ោងប្រហែលជាប្រាំ ឡើងមកពីស្ទូងវិញ ខ្ញុំលឺទ័ពខ្មែរក្រហម និយាយគ្នា "អានិតឪពុកសាមុន (ប្អូនខ្ញុំ ឈ្មោះ សាមុន) ដល់ហើយ គេថាមកផ្ទះកូន ឯលើហ្នឹង (អត់ដឹងថាផ្ទះខ្ញុំទេ) ឃើញគេសំលាប់ចោល គេបាញ់ ហើយគាត់នៅស្លាប់ នៅតាមថ្នល់នឹង"។ ខ្ញុំនឹកក្នុងចិត្ត ទន់ជង្គង់អស់រលីង។ គេថាគាត់គិញ ទៅយកការណ៍ អោយ លន់ ណុល ខ្លាចមកទំលាក់គ្រាប់បែក។

សពរបស់គាត់នៅហាលថ្ងៃ ហាលភ្លៀងបីបួន ប្រាំថ្ងៃ ទំរាំម្តាយខ្ញុំសុំគេយកមក បូជាបាន។ កូនខ្ញុំទាំងអស់ អត់មាន នរណាស្គាល់តា ស្គាល់ យាយទេ ព្រោះពួកវាកើត នៅឆ្នាំ គេមានសង្គ្រៀម ហើយពួកវានៅតូចៗ។

ម៉ែខ្ញុំគាត់ឃើញឪខ្ញុំស្លាប់អញ្ចឹង គាត់រត់ទៅក្នុង គឺខាងអាមេរិកកាំង ខាងលន់ណល់ ខាងអង់តាសោម  (ខាងក្រៅគឺ ខាងរំដោះ របស់ ទាហាន ខ្មែរក្រហម)។ ម៉ែខ្ញុំស្លាប់នៅឆ្នាំ ១៩៧៥ ពួកប៉ុលពតវា យកគាត់អោយ ទៅនៅ ២០៤ នៅឯលិច ភ្នំ  គាត់ស្លាប់ដោយ កង្វះអាហារ។  ខ្ញុំទៅសុំគេ គេថា អាម៉េច នៅសុខ ហើយមិនស្រួល ចង់យកជ័រភ្នៅ មកត្បៀត ខ្លៀក? ខ្ញុំនេះគេរៀប នឹងយក ទៅសំលាប់ ច្រើនដងហើយ។  មួយយប់ៗ មានគេមកយាម ខាងក្រោមផ្ទះពេញ នៅចាំ យកការណ៍ ថាយើងនិយាយ ពីអីៗ ដើម្បីយក ទៅវៃចោល។ នៅឆ្នាំ១៩៧៥ នោះខ្លាំងណាស់ គេថា កង់ប្រវត្តិសាស្ត្រគេ វិល ហើយមិនអោយ មានអ្វី មករាំងស្ទះទេ តាមិនធ្វើតាមទេ កង់ប្រវិត្តិសាស្ត្រគេ វិលកិនសំលាប់។ 

No comments:

Post a Comment