(ខាងក្រោមនេះជាការរៀបរាប់តាម ការចងចាំរបស់ម្តាយខ្ញុំ)
ខ្ញុំកើតនៅឆ្នាំ ១៩៥៧ ដឹងក្តីមក ខ្ញុំនៅឃុំពាមកាស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជំនាន់នោះ ទាំងឪពុកខ្ញុំ ទាំងអ្នកស្រុកទាំងអស់ ទៅរកត្រី និង បង្កងនៅទន្លេមុខផ្ទះ និង នៅព្រែកក្រោយផ្ទះ។ កាលនោះសំបូរត្រី និង បង្កងណាស់។ រកបាន យកមកធ្វើផ្អក ប្រហុកទុកហូប មួយឆ្នាំៗ ពុំខ្វះទេ ហើយអាចចែក អ្នកជិតខាង ហូបបានទៀត ពុំមាន ចិត្តកំណាញ់ទេ។ ជំនាន់នោះ សំលៀកបំពាក់ ពុំបានបរិបូរណ៍ ដូចសព្វថ្ងៃនេះទេ។ បន្ថែមពីលើក្រណាត់ ទិញមកស្លៀកពាក់ ម្តាយខ្ញុំ ដាំកប្បាស បេះសំលីវា យកមកធ្ពេចរវៃ ជាអំបោះត្បាញ តាមកីផ្ទះ បានជាក្រណាត់ កាត់ខោអាវ អោយកូន ស្លៀកពាក់បន្ថែម។ ខ្ញុំបានពាក់អាវ អំបោះរវៃដេរ ក្រោយមកចាស់ៗ ក៏ចោលអស់ទៅ។
នៅស្រុកនោះ ការរស់នៅ មានខែរដូវកាល ពេលទឹកឡើងលិចភូមិ និងពេលទឹកស្រកទៅវិញ។ ទឹកឡើង មានរយ:ពេល២ខែ ពេលទឹកឡើង លិចភូមិ អ្នកភូមិទាំងអស់ ត្រូវត្រៀម លក្ខណ:រស់នៅ ទុកជាមុន ផ្ទះត្រូវនៅ ខ្ពស់លើទឹក។ ពេលទឹកធំ មានជំរៅ អាចដល់ ៣ម៉ែត្រ ទឹកអាចឡើង ដល់រនាបផ្ទះ។ ពស់ ក្អែប ក៏ពេលខ្លះ ឡើងលើផ្ទះ អ្នកស្រុកដែរ។ គ្រប់ផ្ទះ សុទ្ធតែមានទូក ពេលបុណ្យភ្ជំុ ទឹកនៅធំ នៅឡើយ អ្នកភូមិ ជិះទូកទៅវត្តគុក ដែលថិតនៅលើ ភ្នំគុក នៅឯបឹងកេត។ នៅលើផ្ទះ គេត្រូវមាន ស្បៀងតំកល់ទុក ដូចជា អំបិល ស្ករ អង្ករ ដាំស្លឹកគ្រៃ ស្លឹកខ្ទឹម នៅលើផ្ទះ។ សាច់ជ្រូក សាច់គោ មានអ្នកចែកទូកលក់ ស្រែកពពាយនាយ លក់ដល់ៗ ផ្ទះអ្នកស្រុក។
ពេលទឹកឡើងនោះ ផ្ទះជិតខាងខ្ញុំ ដែលមានផ្ទះតូចៗ មិនហ៊ាននៅទេ ខ្លាចទឹកគួច រលំផ្ទះ មកសុំផ្ទះខ្ញុំ ដែលធំរស់នៅ ជាមួយគ្នា ទាល់តែ ទឹកស្រក បានត្រលប់ទៅ ផ្ទះគេវិញ។ នៅលើផ្ទះមានកីតំបាញ ពេលទំនេរ នៅពេលទឹកឡើង គេត្បាញក្រម៉ា ភួយ ឬ ប្រឡេះ គ្រាប់ពោត។
គ្រប់ផ្ទះទាំងអស់ មានគោរទេះ រនាស់ នង្គ័ល សំរាប់ធ្វើចំការ មួយសំរាប់។ គេតែង លើកទួលខ្ពស់ នៅមុខផ្ទះ ទុកធ្វើក្រោលគោ និង ទុកសំភារ: ធ្វើចំការ នៅពេលទឹកឡើង។ គេចែវទូកទៅច្រូតស្មៅ នៅលើភ្នំ មកអោយគោសីុ។ គេទុកសំបកពោតទុំ ហាលអោយស្ងួត គទុក ជាជង្រុក ទុកអោយគោសីុ រួមផ្សំជាមួយនិង ចំបើង ផងដែរ។
ពេលទឹកស្រកទៅវិញ អ្នកស្រុកនាំគ្នា ធ្វើចំការទៅតាមរដូវ មានដាំពោត សណ្តែក ល្ង ថ្នាំជក់ អំពៅ ដំឡូង ឪឡឹក …. គ្រប់មុខ បានផល មានថៅកែជាអ្នក ប្រមូលទិញដល់ផ្ទះ ដូចជាឪពុកខ្ញុំជាដើម។
ផ្ទះឪពុកខ្ញុំធ្វើអំពីឈើខ្លឹម ទទឹង ១២ម៉ែត្រ បណ្តោយ ២២ម៉ែត្រ ឈើអារ ធ្វើផ្ទះ ដោយកម្លាំងដៃ ពុំមានប្រើ មា៉សីុនទេ ហើយឈើ ទៀតសោត វែងៗពុំមានត មុខតំណរទេ។ នៅក្នុងផ្ទះ ខ្ញុំដឹងក្តីឡើង ឃើញនៅជញ្ជាំង មានព្យួរ កាំភ្លើងធ្វើអំពីឈើតាន់ ដូចកាំភ្លើង មែនទែន បេះបិត ខ្ញុំសួរឪពុកខ្ញុំ អំពីកាំភ្លើងនោះ គាត់ថា មុនខ្ញុំកើត គឺជាឆ្នាំដែលយើង ដេញបារាំង ចេញពីស្រុក គាត់ថាមុនមក នៅស្រុកវិញនេះ គាត់នៅ ក្នុងព្រៃ ក្រោយមក ចូលស្រុកវិញ ហើយគ្រប់ផ្ទះទាំងអស់ ឈូសឈើ ធ្វើកាំភ្លើង គ្រប់ៗគ្នា បារាំងស្មានថា កាំភ្លើងនោះ មែនទែន។ នៅជញ្ជាំង ក្បែរនោះដែរមាន ជញ្ជីងធ្វើអំពីឈើ យួរដៃវែង ប្រហែលមួយម៉ែត្រ មានភ្នែកជញ្ជីង រាប់គ្រាប់សៗ មានមួកបូរាណចិន ហាមធំតូច មានស្នែងប្រើស មានស្នូកអណ្តើកធំៗ ធ្វើជារទេះអោយ កូនជិះលេង ….។
ដល់ខ្ញុំអាយុបាន៦ឆ្នាំ ចាស់ៗអោយវ៉ាត់ដៃ លើក្បាល បើដល់ត្រចៀក អោយទៅសាលារៀន បើមិនដល់មិនអោយទៅ។ សាលារៀននោះ មានតែមួយខ្នង ពីរបន្ទប់ទេ មានជញ្ជាំង ធ្វើពីឬស្សី គេហៅថា បន្ទាំ។ ខ្ញុំដើរៀន ឆ្ងាយពីផ្ទះណាស់ ទៅរៀនបានមួយឆ្នាំ មិនដឹងជា បុណ្យ ឬ កម្មវិធីអីទេ នៅសាលាគេអោយ សិស្សស្រី ពាក់បូណ៌ពណ៌លឿង ទាំងអស់គ្នា រាល់ថ្ងៃគ្រប់សិស្សទាំងអស់។
រៀនបានពីរឆ្នាំ នៅឆ្នាំ ១៩៦៦ គ្រួសារខ្ញុំទាំងអស់ ត្រូវប្តូរមកនៅ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមវិញ នៅទីនោះខ្ញុំរៀនពីថ្នាក់ ទី ១០ រហូតដល់ថ្នាក់ទី៦ (នៅសម័យនោះ ថ្នាក់រៀន រាប់បញ្ច្រាសពី សព្វថ្ងៃនេះ ពោលគឺថ្នាក់ទី ១២ គឺទាបជាងគេ)។
ខ្ញុំចូលចិត្តរកលុយតាំងពីតូច ទៅរៀនបណ្តើរ ខ្ញុំលក់ដូរបណ្តើរ ខ្ញុំលក់ដូរ ពេលចេញលេង លក់ត្របែក កន្ទួត អន្សម ក្រលាញ់ ភ្ងៀវ រោល អោយតែមាន ខ្ញុំលក់ទាំងអស់។ ពេលខ្លះ កំពុងរៀន ក្នុងថ្នាក់ មានសិស្សរួមថ្នាក់ សុំទិញក៏មាន។ កាលនៅរៀន គេអោយខ្ញុំធ្វើជា ប្រធានថ្នាក់ រហូត ហើយរៀន បានលេខមួយរហូត។ តែពេលណាធ្លាក់ ទៅលេខពីរ លួចកត់ពិន្ទុគេ ហើយរៀនតាម យកលេខមួយវិញ។ នៅថ្ងៃអាទិត្យ ឈប់សំរាក នៅតូចមែនតែខ្ញុំ បកពោត ដោតថ្នាំជក់ជាចង្កាក់ យកលុយ។ បានលុយ យកទៅសន្សំ ដាក់ក្នុង បំពង់ឬស្សី ដែលចោះតែរន្ធមួយ ពីខាងលើ ល្មមញាត់លុយ ចូលបាន។
ចាប់តាំងពីខ្ញុំរៀនថ្នាក់ទី៩ មក នៅពេលវិស្សមកាល មុនចូលរៀនវិញ ប្រហែលជាកន្លះខែ ទៅ មួយខែ សាលាមានអោយ ហាត់យុវន្ត័ ដែលសិស្ស ទាំងអស់ ត្រូវហាត់រៀនជាក្រុម ក្នុងសំលៀកបំពាក់ពណ៌កាគី មួកកាគី ហាត់ដូចជា ទាហានអញ្ជឹង ហាត់ផង ច្រៀងចំរៀងជាតិផង សប្បាយណាស់។ នៅកម្មវិធីបិទវគ្គហាត់យុវន្ត័ គេមានរើសសិស្ស ដែលចេះលេង សិល្បះ ឡើងសំដែងកំសាន្ត មានដូចជា ល្ខោន យីកេ ល្ខោននិយាយ រឿងកំប្លែង ច្រៀងរាំ ទៅតាមអំណោយទាន ពីកំណើត ដែលគេអាចធ្វើបាន។ ក្រោយមកទៀតគឺ សម័យឆ្នាំ ៧០ ទំលាក់ស្តេច មានបាតុកម្ម វឹកវរ រត់ទៅចុះឡើងៗ រកព្រះអាយូស។
No comments:
Post a Comment