Saturday, October 27, 2012

ជីវភាពរស់នៅសម័យក្រោយទទួលឯករាជ្យពីបារាំង

(ខាងក្រោមនេះជាការរៀបរាប់តាម ការចងចាំរបស់ម្តាយខ្ញុំ)

ខ្ញុំកើតនៅឆ្នាំ ១៩៥៧ ដឹងក្តីមក ខ្ញុំនៅឃុំពាមកាស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជំនាន់នោះ ទាំងឪពុកខ្ញុំ ទាំងអ្នកស្រុកទាំងអស់ ទៅរកត្រី និង បង្កងនៅទន្លេមុខផ្ទះ និង នៅព្រែកក្រោយផ្ទះ។ កាលនោះសំបូរត្រី និង បង្កងណាស់។ រកបាន យកមកធ្វើផ្អក ប្រហុកទុកហូប មួយឆ្នាំៗ ពុំខ្វះទេ ហើយអាចចែក អ្នកជិតខាង ហូបបានទៀត ពុំមាន ចិត្តកំណាញ់ទេ។ ជំនាន់នោះ សំលៀកបំពាក់ ពុំបានបរិបូរណ៍ ដូចសព្វថ្ងៃនេះទេ។ បន្ថែមពីលើក្រណាត់ ទិញមកស្លៀកពាក់ ម្តាយខ្ញុំ ដាំកប្បាស បេះសំលីវា យកមកធ្ពេចរវៃ ជាអំបោះត្បាញ តាមកីផ្ទះ បានជាក្រណាត់ កាត់ខោអាវ អោយកូន ស្លៀកពាក់បន្ថែម។ ខ្ញុំបានពាក់អាវ អំបោះរវៃដេរ ក្រោយមកចាស់ៗ ក៏ចោលអស់ទៅ។ 

នៅស្រុកនោះ ការរស់នៅ មានខែរដូវកាល ពេលទឹកឡើងលិចភូមិ និងពេលទឹកស្រកទៅវិញ។ ទឹកឡើង មានរយ:ពេល២ខែ ពេលទឹកឡើង លិចភូមិ អ្នកភូមិទាំងអស់ ត្រូវត្រៀម លក្ខណ:រស់នៅ ទុកជាមុន ផ្ទះត្រូវនៅ ខ្ពស់លើទឹក។ ពេលទឹកធំ មានជំរៅ អាចដល់ ៣ម៉ែត្រ ទឹកអាចឡើង ដល់រនាបផ្ទះ។ ពស់ ក្អែប ក៏ពេលខ្លះ ឡើងលើផ្ទះ អ្នកស្រុកដែរ។  គ្រប់ផ្ទះ សុទ្ធតែមានទូក ពេលបុណ្យភ្ជំុ ទឹកនៅធំ នៅឡើយ អ្នកភូមិ ជិះទូកទៅវត្តគុក ដែលថិតនៅលើ ភ្នំគុក នៅឯបឹងកេត។ នៅលើផ្ទះ គេត្រូវមាន ស្បៀងតំកល់ទុក ដូចជា អំបិល ស្ករ អង្ករ ដាំស្លឹកគ្រៃ ស្លឹកខ្ទឹម នៅលើផ្ទះ។ សាច់ជ្រូក សាច់គោ មានអ្នកចែកទូកលក់ ស្រែកពពាយនាយ លក់ដល់ៗ ផ្ទះអ្នកស្រុក។

Monday, October 15, 2012

ជីវិតរស់នៅរបស់ប្រជាជនឆ្លងកាត់ជំនាន់ឥស្សរ:

(ខាងក្រោមនេះជាការរៀបរាប់ពីជីវិតពិតដែលស្ត្រីចំណាស់ម្នាក់បានឆ្លងកាត់)
ខ្ញុំមិនចាំប្រាកដថាខ្ញុំអាយុប៉ុន្មានទេកាលជំនាន់ឥស្សរ:នោះ ចាំបានថាខ្ញុំនៅតូច នៅអោបកយាយនៅឡើយ  ខ្ញុំរស់ នៅស្រុកម៉ែខាងខ្ញុំ ខាង ឃុំតាភេន ស្រុក ត្រាំកក់ ខេត្តតាកែវ។ សម័យនោះ លំបាកណាស់ ដោយយើងរស់នៅ ចន្លោះពួក បារាំងនិង ពួកឥស្សរ:។ ពេលបារាំងចុះទៅ ហើយឥស្សរ:ចូលមក ថាយើងត្រូវជាមួយបារាំង ត្រូវជាមួយយួន ហើយធ្វើបាបយើង។ ហើយនៅពេលបារាំង ឡើងមក បារាំងចោទថា យើងត្រូវគ្នាជាមួយ ឥស្សរ:។  ខ្ញុំចាំបានថាខ្ញុំខ្លាច រត់ចូលក្រោមគ្រែ យកសំបកដូងទុំ ដែលចាស់ៗសក ហើយទុកជាគំនរនោះ មកគ្រប ពេលពួកវាទៅកកាយ រកឃើញ ខ្ញុំស្រែកយំង៉ាង។ លំបាកណាស់ជំនាន់ឥស្សរ: ពួកវារៀបនឹងអារក ម៉ែខ្ញុំ ដើម្បីសួររកឪខ្ញុំ។ ខ្ញុំយំអោបកម៉ែខ្ញុំ អង្វរ កុំសំលាប់ម៉ែខ្ញុំ ៗ ។